ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការស្មៀន ប្រធានប៉ុស្តិ៍រដ្ឋបាល លោកមេភូមិទាំង៥ក្នុងឃុំ ចំនួន១៤រូប
រសៀលថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ នៅសាលាឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការស្មៀន ប្រធានប៉ុស្តិ៍រដ្ឋបាល លោកមេភូមិទាំង៥ក្នុងឃុំ ចំនួន១៤រូប ដើម្បីធ្វើការត្រួតពិនិត្យផែនការការងារបន្តពីខែមុន។ ក្រោយពីបានស្ដាប់សេចក្តីរាយការណ៍ អំពីសភាពការណ៍ទូទៅ និងបញ្ហាប្រឈម រួចមក ឯកឧត្តម បានវាយតម្លៃខ្ពស់លើស្មារតីសាមគ្គីដឹកនាំរបស់ក្រុមប្រឹក្សាឃុំ និងភូមិ ដែលស្ដែងចេញជាលទ្ធផលធានាឲ្យមូលដ្ឋានមានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: ប្រជាពលរដ្ឋសប្បាយរីករាយ និងផលស្រូវប្រាំងបានផលច្រើន (១ហិកតា ៧តោន ថ្លៃលក់ចន្លោះពី៩១០៛ ទៅ៩៥០៛ ក្នុង១គ.ក្រ) និងកំពុងបន្តធ្វើស្រែប្រាំងលើកទី២ ថែមទៀត រួមទាំងប្រកបរបរផ្សេងៗ ញ៉ាំងឲ្យជីវភាពរស់នៅមានការរីកចម្រើនជាបន្តបន្ទាប់។ សំណូមពរបន្តខិតខំអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឱ្យបានល្អក្នុងឱកាសសង្ក្រានឆ្នាំថ្មីនាពេលខាងមុខ ជម្រុញការងារធ្វើអត្តសញ្ញាណប័ណ្ណ ការប្រើប្រាស់ថវិកាអភិវឌ្ឍឃុំ ការបម្រើសេវាសាធារណ: ហើយខិតខំដោះស្រាយសំណូមពរ បញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ដើម្បីអបអរសាទរឆ្នាំថ្មី ប្រពៃណីខ្មែរ ឯកឧត្តម បានជូនវត្ថុអនុ ស្សាវរីយ៍ រួមមានសារុង១ ក្រមា១ និងថវិកាជូនដល់ក្រុមប្រឹក្សាឃុំ ភូមិ មេប៉ុស្តិរដ្ឋបាលឃុំ អតីតក្រុមប្រឹក្សាឃុំ ចំនួន២៨នាក់ និងឧបត្ថម្ភថវិកាចូលរួមក្រាលឥដ្ឋការ៉ូ នៅសាលាបឋមសិក្សាព្រៃគ្រីជើងមួយចំនួនទៀតផង។